រឿងខ្លី ប្រភេទអប់រំ
ពេលដែល កុងអ៊ីស៊ីវ ត្រូវបានតែងតាំងឲ្យធ្វើជាអគ្គមហាសេនាបតីនៃនគរលូ ។ បណ្ដាលមន្ត្រីរាជការ និងប្រជារាស្ត្រសុទ្ធតែដឹងឮគ្រប់ៗគ្នាថា កុងអ៊ីស៊ីវ គាត់ចូលចិត្ដពិសាត្រីណាស់ ។ ពួកគេបាននាំគ្នាស្វែងរកត្រីស្រស់ៗទាំងទ្រុងៗ យកមកជូន កុងអ៊ីស៊ីវ ដល់កន្លែងធ្វើការរបស់គាត់ តែកុងអ៊ីស៊ីវ បានបដិសេធមិនព្រមទទួលយកទាំងអស់ ទោះបីជាអ្នកណាក៏ដោយ ។ កូនចៅក្រោមឱវាទរបស់គាត់ឃើញដូច្នេះ ក៏សួរទៅគាត់... “ ពួកយើងដឹងថា លោកម្ចាស់ចូលចិត្ដពិសាត្រីជាខ្លាំង...ចុះហេតុអ្វី បានជាលោកម្ចាស់មិនព្រមទទួលយកត្រីដែលគេយកមកជូនដូច្នេះ? ” កុងអ៊ីស៊ីវ សើចតិចៗហើយឆ្លើយ... “ ដោយសាតែយើងចូលចិត្ដត្រីហ្នឹងហើយ ទើបយើងមិនហ៊ានទទួលយកត្រីដែលគេបញ្ជូនមកឲ្យនោះណា!... ” ឮដូច្នេះ ពួកកូនចៅរបស់គាត់ធ្វើមុខងីងើៗ ស្ដាប់មិនយល់ គេក៏សួរទៅគាត់បន្ដទៀត... “ ពួកខ្ញុំស្ដាប់មិនយល់ទេ!... តើលោកម្ចាស់ចង់និយាយពីអ្វី? ” កុងអ៊ីស៊ីវ អធិប្បាយឲ្យកូនចៅ ស្ដាប់ថា “ បើយើងទទួលយកត្រីដែលគេប្រគល់ឲ្យម៉ោញឹកញាប់ពេក... យើងនឹងត្រូវខូចឈ្មោះ... គេនឹងហៅយើងថាជាមនុស្សលោភ ស៊ីសំណូកដែលអាចធ្វើឲ្យយើងធ្លាក់ពីតំណែងអគ្គមហាសេនាបតីទៅវិញ ។ ដល់ពេលនោះ ទោះបីជាយើងចង់បរិភោគត្រីក៏មិនមានត្រីសម្រាប់បរិភោគដែរ... ឥឡូវនេះ យើងបដិសេធមិនទទួលត្រីដែលគេយកមកឲ្យ វាធ្វើអោយយើងមានកេរ្ដិ៍ឈ្មោះល្អ... ជាមនុស្សស្អាតស្អំ ដែលធ្វើឲ្យយើងអាចអង្គុយលើកៅអីអគ្គមហាសេនាបតីនេះបានយ៉ាងងាយស្រួលតទៅមុខ... បើយ៉ាងដូច្នេះហើយ តើយើងនៅខ្លាចក្រែងមិនមានត្រីបរិភោគទៀតឬ? ”
✍ កត់ត្រានៅក្នុង “ វ៉ាយណានជឺ ”✍
❤❤❤កុងអ៊ីស៊ីវ ជាមនុស្សដែលចេះបែងចែកយ៉ាងច្បាស់លាស់ រវាងផលប្រយោជន៍តួនាទី និងផលប្រយោជន៍ផ្ទាល់ខ្លួន ។ គាត់គិតផលប្រយោជន៍ការងារជាធំ... ឯផលប្រយោជន៍ផ្ទាល់ខ្លួន ក៏គាត់មិនបោះបង់ដែរ... ។ ការលៃលកអំពីផលប្រយោជន៍ទាំងពីរយ៉ាងនេះមានពីរបែប... វិធីទីមួយ គឺធ្វើឲ្យផលប្រយោជន៍ទាំងពីរជាគូបដិបក្ខនឹងគ្នា ( ស៊ីដាច់ ) ដែលបង្កឲ្យខូចខាតប្រយោជន៍ក្នុងការងារ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដូចជា... ការស៊ីសំណូក ប្រព្រឹត្ដទុច្ចរិក ដែលកើតមាន តាំងពីសម័យដើមរហូតមកទល់សព្វថ្ងៃ... រីឯវិធីទីពីរគឺ... បង្កឲ្យកើតផលប្រយោជន៍ទាំងសងខាង ដោយរក្សាផលប្រយោជន៍ របស់តួនាទី យកមកចិញ្ចឹមផលប្រយោជន៍ផ្ទាល់ខ្លួន... កុងអ៊ីស៊ីវ គឺជាមនុស្សនៅក្នុងប្រភេទទីពីរនេះ ។ តាមពិតទៅ ការទប់ស្កាត់នូវក្ដីលោភលន់ មិនព្រមស៊ីសំណូករបស់ខ្លួន ក៏ជាការបង្កប់នូវគោលបំណងរក្សាផលប្រយោជន៍ផ្ទាល់ខ្លួន រួជាមួយ ព្រោះបើធ្លាក់តំណែង គាត់ក៏នឹងអត់បានត្រីបរិភោគអញ្ចឹងដែរ ។ ទៅជាយ៉ាងណា កុងអ៊ីស៊ីវ បានអនុវត្ដតាមតួនាទីយ៉ាងសមរម្យ ដែលយើងពិតជាមិនអាចអូសទាញមន្រ្ដីសម័យសក្ដិភូមិ ឲ្យមានចិត្ដគំនិតមករក្សាផលប្រយោជន៍របស់ប្រជារាស្រ្ដយ៉ាងត្រឹមត្រូវ និងដោយបរិសុទ្ធគ្រប់បែបយ៉ាង បានដោយងាយៗឡើយ ។